ចំណាត់ថ្នាក់ឥណទាន

 


ចំណាត់ថ្នាក់ឥណទាន គឺជាការចាប់ឥណទានទៅជាក្រុម ដោយយោងទៅតាមកម្រិតនៃហានិភ័យរបស់​​ឥណទានទាំងនោះ។ ការចាប់ជាក្រុមឥណទាននេះ គឺដើម្បីជួយដល់គ្រឹះស្ថាន អាចប៉ានប្រមាណនូវទំហំឥណទានដែលអាចនឹងបាត់បង់នៅថ្ងៃអនាគត និង ដើម្បីអាចចាប់វិធានការទប់ស្កាត់ជាមុន ដើម្បីកាត់បន្ថយនូវទំហំឥណទានដែលអាចនឹងបាត់បង់ឱ្យបានជា​អតិបរមា។ ដោយសារតែការផ្តល់ឥណទាន គឺអាចមានរយៈពេលខុសៗគ្នា។ ដូចនេះ ការធ្វើចំណាប់ថ្នាក់នៃឥណទាន ក៏មានភាពខុសគ្នាទៅតាមរយៈនៃឥណទាននោះដូចគ្នា។

ឥណទានដែលមានកាលកំណត់ដំបូងលើសពីមួយឆ្នាំ (រយៈពេលកម្ចីធំជាង១២ខែ)


ចំណាត់ថ្នាក់ “ធម្មតា”៖ ឥណទានមានការទូទាត់សងតាមកាលកំណត់ និងមិនមានការសង្ស័យលើការទូទាត់សងនាពេលអនាគត់។ ការទូទាត់សងគឺបានធ្វើឡើងសមស្របតាមកិច្ចសន្យា ហើយក៏មិនមានបង្ហាញសញ្ញាចុះខ្សោយទាក់ទងនឹង សមត្ថភាពសង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុរបស់​​អតិថិជន។

ចំណាត់ថ្នាក់ “ឃ្លាំមើល”៖ ឥណទានប្រភេទនេះ គឺកំពុងស្ថិតនៅក្រោមការគាំពារដោយអាជីវកម្ម និង​មិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្ដែឥណទាននេះបានបង្ហាញនូវសញ្ញាចុះខ្សោយដែលជះឥទ្ធិពលដល់ការទូទាត់សង់របស់​​អតិថិជននាពេលអនាគត ប្រសិនបើមិនមានវិធានការកែតម្រូវទាន់ពេល និងការយកចិត្តទុកដាក់ឱ្យបានដិតដល់ពីគ្រឹះស្ថាន។ សញ្ញាចុះខ្សោយនេះ មានដូចជា ស្ថានភាពធ្លាក់ចុះបណ្ដើរៗនៃអាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុរបស់​​អតិថិជន និង​ការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចទីផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពរកប្រាក់ចំណេញ និង​សមត្ថភាពទូទាត់សងនាពេលអនាគត ឬការធ្លាក់ចុះនៃទ្រព្យធានា។

សម្រាប់រយៈពេលដែលត្រូវចាប់ថ្នាក់ឥណទានចូលក្នុងចំណាត់ថ្នាក់ “ឃ្លាំមើល” នោះគឺ​អតិថិជនមិនមានទូទាត់សងគ្រប់ចំនួនពី ៣០ ថ្ងៃ ឬលើសពីនេះ។

ចំណាត់ថ្នាក់ “ក្រោមស្ដង់ដារ” ៖ ឥណទានដែលបង្ហាញភាពចុះខ្សោយគួរឱ្យកត់សម្គាល់ និង​មិនត្រូវបានគាំពារគ្រប់គ្រាន់ដោយអាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សងរបស់​​អតិថិជន។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់គ្រាន់សម្រាប់ទូទាត់សងបំណុល ដោយមិនគិតពីប្រភពចំណូលបន្ទាប់បន្សំទៀត ដូចជាការលក់ទ្រព្យធានាជាដើម។

កត្តាដែលនាំឱ្យឥណទានចាប់ថ្នាក់ក្រោមស្ដង់ដារ មានដូចជា៖
  • ​អតិថិជនគ្មានលទ្ធភាពក្នុងការបំពេញកាតព្វកិច្ចសងតាមកិច្ចសន្យា​
  • ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលនឹងជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពរកប្រាក់ចំណេញរបស់​​អតិថិជននាពេលអនាគត
  • ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ ឬ/និង ​​អតិថិជនគ្មានលទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ដើម្បីទូទាត់សងបំណុល​
  • ​អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់​ឥណទានផ្សេងៗទៀត​របស់គ្រឹះស្ថានផ្ទាល់ដើម្បីទូទាត់សងបំណុល
  • ​អតិថិជនល្មើសលើលក្ខខណ្ឌនៃកិច្ចសន្យាឥណទាន​

សម្រាប់រយៈពេលដែលត្រូវចាប់ថ្នាក់ឥណទានចូលក្នុងចំណាត់ថ្នាក់ “ក្រោមស្ដង់ដារ” នោះគឺ​អតិថិជនមិនមានទូទាត់សងគ្រប់ចំនួនពី ៩០ ថ្ងៃ ឬលើសពីនេះ។

ចំណាត់ថ្នាក់ “សង្ស័យ” ៖ ឥណទានដែលបង្ហាញភាពទន់ខ្សោយធ្ងន់ធ្ងរ ជាងចំណាត់ថ្នាក់ “ក្រោមស្ដង់ដារ” ដោយសារភាពសង្ស័យខ្លាំង ឬមិនមានភាពច្បាស់លាស់ ចំពោះការប្រមូលកមវិញនូវឥណទានទាំងអស់ ផ្អែកលើតថភាពជាក់ស្ដែង លក្ខខណ្ឌ ឬតម្លៃទ្រព្យធានា។ ការខាតបង់នាពេលអនាគតគឺមានកម្រិតខ្ពស់ ទោះបីចំនួនជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ។

សម្រាប់រយៈពេលដែលត្រូវចាប់ថ្នាក់ឥណទានចូលក្នុងចំណាត់ថ្នាក់ “សង្ស័យ” នោះគឺ​អតិថិជនមិនមានទូទាត់សងគ្រប់ចំនួនពី ១៨០ ថ្ងៃ ឬលើសពីនេះ។

ចំណាត់ថ្នាក់ “បាត់បង់” ៖ ឥណទានដែលគ្រឹះស្ថានមិនអាចប្រមូលមកវិញបាន ហើយគ្រឹះស្ថានក៏គ្មាន ឬមាននូវមធ្យោបាយតិចតួចក្នុងការប្រមូលមកវិញនូវសមតុល្យឥណទានពី​អតិថិជន។

សម្រាប់រយៈពេលដែលត្រូវចាប់ថ្នាក់ឥណទានចូលក្នុងចំណាត់ថ្នាក់ “បាត់បង់” នោះគឺ​អតិថិជនមិនមានទូទាត់សង ពី ៣៦០ ថ្ងៃ ឬលើសពីនេះ។

ឥណទានដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើមួយឆ្នាំ

  • ចំណាត់ថ្នាក់ “ធម្មតា”៖ មានការទូទាត់សងតាមកាលកំណត់
  • ចំណាត់ថ្នាក់ “ឃ្លាំមើល”៖ បើហួសកាលកំណត់សងអតិបរមារយៈពេល ៣០ ថ្ងៃ
  • ចំណាត់ថ្នាក់ “ក្រោមស្ដង់ដារ”៖ បើហួសកាលកំណត់សងអតិបរមារយៈពេល ៦០ ថ្ងៃ
  • ចំណាត់ថ្នាក់ “សង្ស័យ”៖ បើហួសកាលកំណត់សងអតិបរមារយៈពេល ៩០ ថ្ងៃ
  • ចំណាត់ថ្នាក់ “បាត់បង់”៖ បើហួសកាលកំណត់សងអតិបរមារយៈពេល ១៨០ ថ្ងៃ
បញ្ជាក់៖ ការប្រើប្រាស់ពាក្យក្នុងអត្ថបទនេះ គឺត្រូវបានសម្រួលមួយចំនួន ដើម្បីឱ្យមានងាយស្រួលក្នុងការអាន “សម្រាប់វិស័យឥណទាន” តែប៉ុណ្ណោះ​ ហើយក៏អាចមាននូវចំនុចខ្វះខាតខ្លះផងដែរ។ ហើយអត្ថបទនេះ គ្រាន់តែជាការចែករំលែង ជា​ចំណេះដឹងដល់សាធារណជនទូទៅ។ សម្រាប់សេចក្តីលម្អិត សូមអានប្រកាសរបស់ធនាគារជាតិស្ដីពី “ចំណាប់ថ្នាក់ងហានិភ័យឥណទាន និង​សំធានធនលើអ៊ីមភែរមិន” លេខ ធ.៧-០១៧-៣៤៤ ប្រក ចុះថ្ងៃទី ០១ខែ ធ្នូ ឆ្នាំ ២០១៧។

Comments