និយមន័យការប្រាក់
ការប្រាក់ អាចនឹងមាននិយមន័យខុសៗគ្នាជាច្រើន ដោយវាអាស្រ័យលើប្រភពដែលអ្នកបានសិក្សា
ហើយប្រភពទាំងអស់នោះ អាចនឹងផ្តល់ឱ្យអ្នកនូវនិយមន័យមួយដែលគេយល់ថា
វាមានភាពត្រឹមត្រូវជាងគេ ដើម្បីអ្នកងាយស្រួលក្នុងសិក្សាស្វែងយល់។ ហើយនៅក្នុងមេរៀន ការប្រាក់គឺមាននិយមន័យមួយសម្រាប់អ្នកដូចគ្នាផងដែរ។
និយមន័យការប្រាក់ គឺជាប្រាក់បន្ថែមដែលអ្នកអាចនឹងទទួលបានក្នុងពេលអនាគត
ពីការវិនិយោគក្នុងរយៈពេលមានកំណត់មួយ។
ចំនួនការប្រាក់ដែលអ្នកអាចនឹងទទួលបានពីការវិនិយោគនោះ
មានចំនួនច្រើន ឬក៏តិច គឺវាអាស្រ័យលើកត្តា ០៣ សំខាន់ គឺ អត្រាភាគរយ រយៈពេល និងលក្ខខណ្ឌ។
វាអាចនឹងលំបាក់ក្នុងការស្វែងយល់បន្តិចលើ កត្តាទាំង
០៣ នេះ ដោយសារតែការប្រើប្រាស់របស់វា នឹងមានភាពបត់បែន ទៅតាមបរិបទនៃការប្រើប្រាស់។ ដើម្បីជួយសម្រលដល់ការសិក្សារបស់អ្នក
ឧទាហរណ៍ខាងក្រោមអាចនឹងបង្ហាញអ្នកកាន់តែយល់ច្បាស់ពីវា។
ការវិនិយោគ៖ អត្រាភាគរយគឺជាភាគរយៈនៃប្រាក់ចំណេញដែលអាចទទួលបានពីការវិនិយោគ
រយៈពេល គឺរយៈដែលអ្នកបោះទុនក្នុងការវិនិយោគ និង លក្ខខណ្ឌ គឺជាលក្ខខណ្ឌដែលអ្នកបានកំណត់ក្នុងការវិនិយោគដែលវាជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់អ្នក។
វិស័យហិរញ្ញវត្ថុ និងការដាក់បញ្ចាំ៖
អត្រាភាគ
គឺជាអត្រាការប្រាក់ដែលបានព្រមព្រៀងគ្នា រយៈពេល គឺជារយៈពេលក្នុងការផ្តល់កម្ចីឬបញ្ចាំ
និង លក្ខខណ្ឌ គឺជាការកំណត់ផ្សេងៗ ដូចជា ការបង់ផ្តាច់មុនពេលកំណត់
ការបង់ប្រាក់ដើមរំលស់ ការលើកលែងលក្ខខណ្ឌអត្រាការប្រាក់ ជាដើម។
ប្រភេទការប្រាក់
បើទោះបីជា ការប្រាក់ត្រូវបានកំណត់និយមន័យ ដូចខាងលើក៏ដោយ
ក៏ប៉ុន្ដែការអនុវត្តជាក់ស្ដែង គឺមានការប្រែប្រួល ដោយអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ហេតុនេះហើយ បានជាការប្រាក់ ត្រូវបានបែងចែកជាប្រភេទ ដោយប្រភេទនីមួយៗមានទម្រង់ខុសៗគ្នា។
ក. ការប្រាក់សាមញ្ញ
ការប្រាក់សាមញ្ញ គឺជាការប្រាក់មួយប្រភេទ ដែលចំនួនការប្រាក់ដែលនឹងទទួលបាន គឺអាស្រ័យតែលើប្រាក់ដែលដាក់វិនិយោគមុនដំបូងតែប៉ុណ្ណោះ។ ហើយការប្រាក់ដែលទទួលបានពីការវិនិយោគតាមគ្រានីមួយៗ គឺមិនត្រូវបានរាប់បញ្ចូលទៅធ្វើជាប្រាក់ដើមវិនិយោគដើម្បីគណនាការប្រាក់សម្រាប់គ្រាបន្ទាប់ឡើយ។ នេះជាចំនុចមួយដែលខុសគ្នាខ្លាំងរវាងការប្រាក់សាមញ្ញ និងការប្រាក់ផ្គួប ដែលអ្នកនឹងសិក្សានៅពេលបន្ទាប់។
Comments
Post a Comment